Friday, September 26, 2014

Contact and Insurence

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច
Université Royal de Droit et des Sciences Economiques
Royal University of Law and Economics
3
Rounded Rectangle: កិច្ចការស្រាវជ្រាវ
         



ប្រៀបធៀប
កិច្ចសន្យាធានារ៉ាប់រង និងកិច្ចសន្យាទូទៅ

  សាស្រ្តាចារ្យបង្រៀនៈ លោក  ចាយ ច័ន្ទតារាវណ្ណ

រៀបរៀងដោយនិស្សិតឈ្មោះ
       
                ១- ល.      ជា សុភ័ក្រ្ត
              ២- ក. ថា គីមស្រ៊ាន់
              ៣- ល.     ឆាយ សុធា
              ៤- ល.      សាន សុខបាន

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផែ្នកនីតិសាស្រ្ត                  ឆ្នាំសិក្សាៈ    ២០០៩

ជំនាញនីតិឯកជន ជំនាន់ទី ៧ ក្រុម V (Term 2)                      ២០១១



សេចក្តីផ្តើម
3
សង្គមជាតិមួយត្រូវការជាចាំបាច់នូវប្រព័ន្ឋច្បាប់សម្រាប់គ្រប់គ្រង ដើម្បីជៀសវាងនូវ បាតុភាពអាណាធិបតេយ្យ និងការពារសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ សន្តិសុខដ៏ប្រពៃ ដល់ពលរដ្ឋនៅក្នុងសង្គម ។ ប្រព័ន្ឋច្បាប់គ្រប់គ្រងសង្គមនោះកើតចេញពីឆន្ទះរបស់រដ្ឋ វាអា ស្រ័យលើកត្តាសេដ្ឋកិច្ច សង្គម និងវប្បធម៌  សំដៅឱ្យរដ្ឋនោះមាននីត្យានុកូលភាពពិតប្រាកដ។
រីឯការប្រតិបត្តិរបស់ពលរដ្ឋត្រូវអនុលោមទៅតាមឆន្ទៈរដ្ឋដែរ តួយ៉ាងដូចជាការតភ្ជាប់ បុគ្គលក្នុងទំនាក់ទំនងកិច្ចសន្យាជាដើម ។ ការបង្កើតកិច្ចសន្យាមួយ ត្រូវគោរពទៅតាមបទ ប្បញ្ញត្តិនៃច្បាប់ ជាលិខិតគតិយុត្ត ដែលបង្កើតឱ្យមានសិទ្ធិ និងកាតព្វកិច្ច ។
កិច្ចសន្យាមានច្រើនប្រភេទខុសគ្នា តែវាកើតចេញពីរបទប្បញ្ញត្តិរួមមួយនៃច្បាប់ដូចគ្នា ប៉ុនែ្តក៏មានកិច្ចសន្យាមួយចំនួនទៀត ទាមទារឱ្យមានច្បាប់ដោយឡែកក្នុងការបង្កើត ដូចជា កិច្ចសន្យាធានារ៉ាប់រងជាដើមត្រូវការច្បាប់ស្តីពីការធានារ៉ាប់រង សម្រាប់គ្រប់គ្រងរាល់ប្រតិ បត្តិការធានារ៉ាប់រងនៅកម្ពុជា ។ ច្បាប់ស្តីពី ការធានារ៉ាប់រង បានចូលជាធរមាននា ថៃ្ងទី២៥ ខែកក្កដា ឆ្នាំ២០០០ ដែលមានគោលបំណង ដើម្បីផ្តល់សំណងលើហានិភ័យដែលបណ្តាល ឱ្យខូចខាតទ្រព្យសម្បត្តិ អាយុជីវិត ដល់បុគ្គលតាមរយៈកិច្ចសន្យាធានារ៉ាប់រងមួយ ។
តើរវាងកិច្ចសន្យាធានារ៉ាប់រង និងកិច្ចសន្យាទូទៅខុសគ្នាយ៉ាងដូចម្តេចដែរ ក្នុងការ បង្កើតហេតុអ្វីបានជាចាំបាច់ក៏សាងច្បាប់មួយដោយឡែកយ៉ាងដូចនេះ ។

រវាងកិច្ចសន្យាធានារ៉ាប់រង និងកិច្ចសន្យាទូទៅ  មានលក្ខខណ្ឌនៃការបង្កើតខុសគ្នាពិត មែន និងស្ថិតនៅក្រោមច្បាប់ពីរផ្សេងគ្នាក៏ដោយ ក៏កិច្ចសន្យាទាំងពីរនេះបង្កើត ឱ្យមានសិទ្ធិ និងកាតព្វកិច្ចដូចគ្នាចំពោះភាគី ។
ដើម្បីឱ្យបានយល់កាន់តែច្បាស់លើភាពខុសគ្នា ឬ ដូចគ្នាក្នុងការអនុវត្តន៏កិច្ចសន្យា យើងខ្ញុំសូមលើកយកប្រធានបទ ស្តីពី ̎ ការប្រៀបធៀបកិច្ចសន្យាធានារ៉ាប់រង និងកិច្ច សន្យាទូទៅ ̎  ដើម្បីធ្វើសិក្សាស្រាវជ្រាវដែលមានអត្ថន័យដូចខាងក្រោម ។

























-,


ប្រៀបធៀបកិច្ចសន្យាធានារ៉ាប់រង និងកិច្ចសន្យាទូទៅ

          នៅក្នុងធម្មជាតិក៏ជាសង្គមដែរសំភារៈ និងបាតុភូតតែងតែប្រែប្រួល និងផ្លាស់ប្តូរឥត ឈប់ឈរទំនាក់ទំនងរវាងរូបវ័ន្តបុគ្គល ឬ នីតិបុគ្គលក៏ជាបាតុភូតសង្គមដែរ ហេតុនេះវាប្រែ ប្រួលទៅតាមក្រឹត្យក្រមនេះដែរ ប៉ុនែ្តទំនាក់ទំនងនេះវាកើតឡើងឬប្រែប្រួល និងចាំបាច់ត្រូវ ឆ្លងកាត់ដោយព្រឹត្តហេតុគតិយុត្តមួយជាកំណត់    
          ព្រឹត្តហេតុគតិយុត្តនេះបានបង្កើតឱ្យមានសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីនៅក្នុងការទំ នាក់ទំនងរដ្ឋប្បវេណី ដូចជាកិច្ចសន្យាជាដើម ។ ដូចនេះដើម្បីបង្កភាពងាយស្រួល និងចំណេញ ពេលវេលាក្នុងការដោះស្រាយបញ្ហា ដែលនាំឱ្យមានការខូចខាតការបាត់ទ្រព្យសម្បត្តិអាយុ ជីវិត ដោយហានិភ័យកើតឡើងបណ្តាលមកពីមូលហេតុចៃដន្យ ឬមូលហេតុ ដែលមិនមែន ជាអំពើចេតនារបស់ខ្លួននោះ វាឈានទៅរកការបង្កើតឡើងនូវព្រឹត្តហេតុគតិយុត្តមួយ តាម រយៈកិច្ចសន្យាមួយ ដែលផ្តល់អត្ថប្រយោជន៍ដល់បុគ្គល  ។

ផែ្នកទី ១. សញ្ញាណរួមអំពីកិច្ចសន្យាទូទៅ និងកិច្ចសន្យាធានារ៉ាប់រង
     កថាខ័ណ្ឌទី ១. និយមន័យ
       ១. កិច្ចសន្យាទូទៅ
          និយមន័យនៃកិច្ចសន្យា គឺជាកិរិយាដែលបុគ្គលពីរនាក់ ឬ ច្រើននាក់មានឆន្ទៈត្រូវគ្នា ព្រមបង្កើតកែប្រែ ឬ រំលត់នូវកាតព្វ[1] ។ កិច្ចសន្យាបង្កើតឱ្យមានទំនាក់ទំនងរវាងសិទ្ធិ និង កាតព្វកិច្ចដល់ គូភាគីដូចគ្នា ។
       ២. កិច្ចសន្យាធានារ៉ាប់រង
          និយមន័យកិច្ចសន្យាធានារ៉ាប់រង មិនខុសបែ្លកពីកិច្ចសន្យាទូទៅនោះទេ កិច្ចសន្យា ធានារ៉ាប់រងគឺជាកិច្ចព្រមព្រៀងមួយដែលចែង អំពីទំនាក់ទំនងរវាងសិទ្ធិ និងកាតព្វកិច្ចរបស់ អ្នកត្រូវបានធានារ៉ាប់រង និងអ្នកធានារ៉ាប់រង ។
          អ្នកត្រូវធានារ៉ាប់រង គឺជាអ្នកដែលចុះកិច្ចសន្យាជាមួយអ្នកធានារ៉ាប់រង ហើយមាន
កាតព្វកិច្ចបង់បុព្វលាភរ៉ាប់រង ។
          អ្នកធានារ៉ាប់រងគឺជាក្រុមហ៊ុនធានារ៉ាប់រង ដែលចុះកិច្ចសន្យាជាមួយអ្នកត្រូវបានធានា
រ៉ាប់រង ហើយមានកាតព្វកិច្ចធ្វើសំណងទាំងឡាយ និង/ឬបង់នូវផលប្រយោជន៍ទាំងឡាយ[2]
          កថាខ័ណ្ឌទី ២. លក្ខណៈពិសេសនៃកិច្ចសន្យា
       ១. កិច្ចសន្យាទូទៅ
            លក្ខណៈពិសេសនៃកិច្ចសន្យារួមមាន
-          ការបង្ហាញនូវវត្ថុបំណង និងឆន្ទៈរបស់ភាគីដែលបានចូលរួមនៅក្នុងទំនាក់ទំនងនេះ ។
-          មានការព្រមព្រៀង និងឯកភាពអំពីឆន្ទៈរបស់ភាគីដែលការព្រមព្រៀង និងឯកភាព នេះត្រូវសែ្តងឡើងជាសន្យានុម័ត ។
-          ឆន្ទៈព្រមព្រៀងរបស់ភាគី ត្រូវតែស្របនឹងឆន្ទៈរបស់រដ្ឋ ។
           


         
       ២. កិច្ចសន្យាធានារ៉ាប់រង
            លក្ខណៈពិសេសនៃកិច្ចសន្យាធានារ៉ាប់រងមាន
-       តម្រូវឱ្យមានផលប្រយោជន៏ ពីរការធានា និងត្រូវតែបង់បុព្វលាភធានារ៉ាប់រងដល់ ភាគីអ្នកធានា 
-       ការសងសំណង ត្រឹមទំហំនៃការខូចខាតជាក់សែ្តងប៉ុណ្ណោះ
-        កិច្ចសន្យាមានលក្ខខណ្ឌ
-       គោរពគោលការណ៏ស្មោះត្រង់ អ្នកត្រូវធានា ត្រូវលាតត្រដាងនូវព័ត៌មានទាំងអស់ ដែលទាក់ទងនឹងកម្មវត្ថុនៃការធានា និងអ្នកធានាត្រូវប្រាប់នូវព័ត៌មានស្តីពីគោល ការណ៏នៃការធានាដល់អ្នកត្រូវធានា ។
-       ជាកិច្ចសន្យាមិនទៀងទាត់ ឬ ហេងស៊យ បានន័យថាហានិភ័យដែលកើតលើកម្ម វត្ថុនៃការធានាអាចនឹងកើត ឬ មិនកើត
-       ជាកិច្ចសន្យាឯកតោភាគី ដោយក្រុមហ៊ុនធានារ៉ាប់រងជាអ្នករៀបចំ អ្នកទិញគ្រាន់ តែសំដែងការយល់ព្រមលើកិច្ចសន្យានោះ ។


ជារួមលក្ខណៈពិសេសនៃកិច្ចសន្យាទូទៅ និងកិច្ចសន្យាធានារ៉ាប់រង មិនមានការខុស គ្នានោះគ្នាទេ ការព្រមព្រៀងកើតចេញពីឆន្ទៈរួមតែមួយ ។ ប៉ុនែ្តឆន្ទៈក្នុងការបង្កើតកិច្ចសន្យា ធានារ៉ាប់រង ភាគីដែលត្រូវធានាមិនមានសិទ្ធិទាមទារជាមួយអ្នកធានានោះទេ ។ មានន័យថា បើអ្នកត្រួវបានធានាពេញចិត្តនឹងលក្ខខណ្ឌរបស់អ្នកធានា នោះកិច្ចសន្យាកើតឡើង ។

ផែ្នកទី ២. ល័ក្ខខ័ណ្ឌសុពលភាព និងប្រភេទនៃកិច្ចសន្យាទូទៅ និងកិច្ចសន្យាធានារ៉ាប់រង
កិច្ចសន្យាណាមួយដែលត្រូវបានបង្កើតឡើងរវាងគូភាគី នឹងអាចចាត់ទុកថាមានសុពល ភាពលុះត្រាតែបានគោរពទៅតាមលក្ខខណ្ឌសុពលភាពនៃកិច្ចសន្យានោះ ។  
     កថាខ័ណ្ឌទី ១. ល័ក្ខខ័ណ្ឌសុពលភាព

       ១. ការព្រមព្រៀង
កិច្ចសន្យាកើតឡើងលុះត្រាតែសំណើ និងស្វីការត្រូវគ្នា[3] ដោយមិនមានការបង្ខិតបង្ខំ  ដើម្បីឈានទៅដល់ការព្រមព្រៀងនៃសំណើ និងស្វីការនោះ ភាគីនៃកិច្ចសន្យាមានសិទ្ធិ គ្រប់គ្រាន់ក្នុងការបញេ្ចញមតិយោបល់លើសំណើ ពិភាក្សាយ៉ាងល្អិតល្អន់ ដោយសមភាព និងស្មោះត្រង់ ត្រូវសែ្តងឡើងច្បាស់ក្នុងទិដ្ឋភាពសត្យានុម័ត ។ ក្នុងករណីមិនស្របនឹងឆន្ទះ ពិតបា្រកដរបស់ ភាគីណាមួយទេនោះកិច្ចសន្យានឹងចាត់ទុកជាមោឃភាព ។
ការកើតឡើងដោយសារឥទ្ធិពលនៃការគំរាមគំហែងបង្ខិតបង្ខំ បន្លំ បោកប្រាស់ ឬ ដោយភ័ន្តច្រឡំនោះនឹងចាត់ទុកកិច្ចសន្យានោះ ជាកិច្ចសន្យាគ្មាន ប្រសិទ្ធភាពខាងផ្លូវច្បាប់ ឡើយ ។
                   ១.១. កិច្ចសន្យាទូទៅ
កិច្ចសន្យាកើតឡើងដោយសំណើ និងស្វីការត្រូវគ្នា[4]
                                                ១.១.១. សំណើ  
ជាការសុំបង្កើតកិច្ចសន្យាដែលធ្វើឡើងដោយមានឆន្ទៈភ្ជាប់ខ្លួន ជាមួយនឹងចំណង គតិយុត្តក្នុងករណីដែលមានស្វីការរបស់ភាគីម្ខាងចំពោះសំណើនេះ[5] ។ អ្នកស្នើសុំធ្វើឡើង ក្នុងបំណងឱ្យកើតនូវកាតព្វកិច្ច មួយយ៉ាងពិតប្រាកដ ឬ ឱ្យកើតមាននូវល័ក្ខខ័ណ្ឌណាមួយ យ៉ាងច្បាស់លាស់ សំដៅទៅរកបុគ្គលណាមួយជាកំណត់ ឬ ទៅរកសាធារណៈជន ។
            ១.១.១.១. ល័ក្ខខ័ណ្ឌនៃសំណើ
         
សំណើបង្ហាញពីបំណងពិតប្រាកដ មានន័យថាម្ចាស់សំណើពិតជាមានឆន្ទៈពិតប្រាកដ
ក្នុងការចុះកិច្ចសន្យា ។
សំណើត្រូវតែច្បាស់លាស់  មានន័យថាត្រូវកំណត់ឱ្យច្បាស់លាស់ពីកម្មវត្ថុដែលបាន ស្នើ  ។
            ១.១.១.២. ការដកសំណើ
          សំណើនឹងបង្កើតចំណងគតិយុត្តក្នុងករណីដែលមានស្វីការរបស់ភាគីម្ខាងទៀតចំពោះ
សំណើនេះ ។
សំណើត្រូវបានបញ្ចប់ដោយជាក់លាក់ និងដោយស្ងៀមស្ងាត់ ។ ហេតុនេះបើគេធ្វើ សំណើដោយមានថេរវេលាជាក់លាក់ អ្នកធ្វើសំណើត្រូវរក្សាទុកថេរវេលានោះ ប៉ុនែ្តប្រសិន បើគ្មានកំណត់ថេរវេលានោះទេ គេត្រូវទុករយៈពេលមួយសមស្របអាស្រ័យទៅតាមទម្លាប់ នៃការប្រើប្រាស់នោះ ។
សំណើចំពោះបុគ្គលដែលមិនបានកំណត់ជាក់លាក់តាមការផ្សព្វផ្សាយជាសាធារណៈ ឬ តាមវិធីផេ្សងទៀត អាចដកបានដូចគ្នានឹងសំណើនោះ[6]
     ១.១.២. ស្វីការ  
ជាការបង្ហាញឆន្ទៈរបស់បុគ្គលម្នាក់ក្រោយពីរបានទទួលសំណើហើយ ដោយមានការ យល់ព្រមចំពោះសំណើនោះ[7] ។ ម្យ៉ាងទៀតគេអាចនិយាយបានថា ស្វីការគឺជាចម្លើយវិជ្ជមាន ទៅនឹងសំណើណាមួយ ។
ជាគោលការណ៍ដើម្បីឱ្យកិច្ចសន្យាមួយកើតឡើង ត្រូវតែមានស្វីការរបស់ភាគីម្ខាង ដែលជាចម្លើយយល់ព្រមទៅនឹងសំណើរបស់ភាគីម្ខាងទៀតដោយគ្មានល័ក្ខខ័ណ្ឌ ។












      ១.១.២.១. ល័ក្ខខ័ណ្ឌរបស់ស្វីការ
ត្រូវបង្ហាញ ឬ សំដែងឆន្ទៈមួយឱ្យដឹងថា អ្នកទទួលសំណើត្រូវធ្វើការឆ្លើយតបដោយ
ការយល់ព្រម ឬ មិនយល់ព្រម ។ ប៉ុនែ្តពេលខ្លះក៏អាចធ្វើសំណើតបទៅសំណើដើមដែរ ក្នុង ករណីដែលភាគីទាំងពីរយល់ព្រមទទួលប្រតិសំណើ នោះសំណើមុនត្រូវបានចាត់ទុកជា មោឃៈ ។
 ស្វីការត្រូវតែជាក់ច្បាស់ ឬ ក៏អាចដោយស្ងៀមស្ងាត់ តែដើម្បីមានអនុភាពស្វីការនោះ ត្រូវតែជាក់ច្បាស់ និងត្រូវបង្ហាញឱ្យបានគ្រប់លក្ខណៈ ។


               ១.១.២.២. អានុភាពរបស់ស្វីការ
នៅពេលដែលភាគីម្ខាងធ្វើសំណើ ហើយភាគីម្ខាងទៀតធ្វើស្វីការ ពេលនោះគេសន្មត់
ថាកិច្ចសន្យាកើតហើយ គឺនៅតែបំពេញបែបបទតាមច្បាប់ បើសិនជាកិច្ចសន្យាវាទាមទារ ឱ្យបំពេញតាមផ្លូវច្បាប់ ។ ករណីនេះទាំងភាគីធ្វើសំណើ និងទាំងភាគីធ្វើស្វីការ មិនអាចកែ ប្រែវិញបានទេ ។
          ១.២. កិច្ចសន្យាធានារ៉ាប់រង

          កិច្ចសន្យាធានារ៉ាប់រងកើតឡើងតាមគោលការណ៍ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ឱ្យ គ្នាទៅវិញទៅមកមានការស្រុះស្រួលគ្នា ដោយឆ្លងតាមការចរចា និងមិនធ្វើឱ្យប៉ៈពាល់ដល់ ផលប្រយោជន៍សាធារណៈឡើយ[8] និងធ្វើជាលាយលក្ខណ៍អក្សរ ដោយមានការចុះបំពេញ នូវគោលបំណងរបស់អ្នកត្រូវបានធានារ៉ាប់រង ក្រោមការឯកភាពគ្នារវាងភាគីទាំងសងខាង នៃកិច្ចសន្យា[9]
          មិនមានលក្ខណៈខុសគ្នានឹងកិច្ចសន្យាទូទៅនោះទេ ក្នុងការបង្កើតគ្រាន់កិច្ចសន្យា ធានារ៉ាប់រងតម្រូវឱ្យសរសេជាលាយល័ក្ខអក្សរជាដាច់ខាត ។

               ១.២.១. ការស្នើសុំ
          រូបវ័ន្តបុគ្គល ឬ នីតិបុគ្គល ដែលមានបំណងចង់ទិញសេវាធានារ៉ាប់រងពីក្រុមហ៊ុនធានា រ៉ាប់រងណាមួយនេះ ត្រូវបំពេញពាក្យស្នើសុំធានារ៉ាប់រង ឬ ធ្វើប្រតិវេទន៍ដោយផ្ទាល់នៅក្រុម ហ៊ុនធានារ៉ាប់រង ។ ផែ្អកលើសំណើនៃប្រតិវេទន៍នេះក្រុមហ៊ុនធានារ៉ាប់រងចាត់ការឱ្យចុះបំពេញ នៅក្នុងប័ណ្ណសន្យារ៉ាប់រង ដែលតម្រូវឱ្យខ្លួនទទួលធ្វើសំណងលើការខូចខាត ដែលអាចនឹង កើតមានឡើងជាយថាហេតុ [10]
               ១.២.២. ការទទួលសំណើ
          នៅពេលដែលរូបវ័ន្ត ឬ នីតិបុគ្គលធ្វើសំណើសុំការធានារ៉ាប់រងហើយ ក្រុមហ៊ុនធានា រ៉ាប់រងយល់ព្រមទទួលសំណើ ព្រមទាំងបានឯកភាពលើល័ក្ខខ័ណ្ឌផ្សេងៗនៃកិច្ចសន្យាហើយ នោះ កិច្ចសន្យាធានារ៉ាប់រងអាចចាត់ទុកថាបានព្រមព្រៀងគ្នារួចហើយ[11]
               ១.២.៣. វិញ្ញាបនប័ត្រធានារ៉ាប់រង
          នៅពេលដែលសំណើសុំធានារ៉ាប់រង ត្រូវបានក្រុមហ៊ុនព្រមទទួលហើយនោះនាំឱ្យមាន
ការព្រមព្រៀង ។ បន្ទាប់មកក្រុមហ៊ុនធានារ៉ាប់រងត្រូវចេញប័ណ្ណសន្យារ៉ាប់រងដែលភ្ជាប់ទៅ នឹងវិញ្ញាបនប័ត្រធានារ៉ាប់រងទៅឱ្យអ្នកស្នើសុំធានារ៉ាប់រង ដែលវិញ្ញាបនប័ត្រធានារ៉ាប់រងត្រូវ បញ្ជាក់ ៖
          - គោត្តនាម និងនាម និងអាស័យដ្ឋានរបស់ភាគីនៃកិច្ចសន្យា
          - បុគ្គល ឬ វត្ថុត្រូវបានធានារ៉ាប់រង
          - ប្រភេទហានិភ័យដែលត្រូវបានធានារ៉ាប់រង
          - ពេលវេលាចាប់ផ្តើម និងទីកនែ្លងនៃហានិភ័យដែលត្រូវបានធានារ៉ាប់រង
          - ចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង
          - បុព្វលាភរ៉ាប់រងត្រូវបង់ និងរបៀបបង់បុព្វលាភរ៉ាប់រង
          - របៀប និងលក្ខខណ្ឌមួយចំនួននៃសេចក្តីប្រកាសគ្រោះថ្នាក់
          - រយៈពេលនៃកិច្ចសន្យា និងរយៈពេលនៃការធានារ៉ាប់រង
          - លក្ខខណ្ឌទាំងឡាយដែលកំណត់មោឃៈភាព និងការបាត់បង់សិទ្ធិព្រមទាំងល័ក្ខ
ខ័ណ្ឌដែលអនុញ្ញាតដល់ភាគីនីមួយៗបញ្ឈប់កិច្ចសន្យាបានមុនកាលកំណត់[12]

            ១.២.៤. ភាគីនៃកិច្ចសន្យាធានារ៉ាប់រង
          អ្នកធានារ៉ាប់រង សំដៅលើក្រុមហ៊ុនធានារ៉ាប់រង ភ្នាក់ងារធានារ៉ាប់រង និងជើងសារ ធានារ៉ាប់រង ។
រឺឯអ្នកត្រូវបានធានារ៉ាប់រង សំដៅលើបុគ្គលជាអ្នកជាប់កិច្ចសន្យាជាមួយអ្នកធានារ៉ាប់រង ។
              ១.២.៤.១. អ្នកត្រូវបានធានារ៉ាប់រង
         
អ្នកត្រូវបានធានារ៉ាប់រង ត្រូវមានកាតព្វកិច្ច ៖
-     បង់បុព្វលាភរ៉ាប់រងជូនក្រុមហ៊ុនធានារ៉ាប់រងគ្រប់ចំនួនតាមការព្រមព្រៀងគ្នា ។
-     ជូនដំណឹងដល់ក្រុមហ៊ុនធានារ៉ាប់រងឱ្យបានឆាប់រហ័សបំផុត ពេលមានហានិភ័យ កើតឡើង ។
-     សហការផ្តល់ព័ត៌មាន និងឯកសារដែលពាក់ព័ន្ឋដល់ហានិភ័យ តាមសំណូមពរ របស់ក្រុមហ៊ុនធានារ៉ាប់រង[13] ។          
               ១.២.៤.២. អ្នកធានារ៉ាប់រង
ក្រុមហ៊ុនធានារ៉ាប់រង មានកាតព្វកិច្ច ៖
-     ធ្វើសំណងចំពោះការខូចខាត ឬ ការបាត់បង់ នៅពេលមានហានិភ័យកើតឡើង
បណ្តាលមកពីមូលហេតុចៃដន្យគ្រោះថ្នាក់ធម្មជាតិ និងពីរាល់មូលហេតុដែលមិន មែនជាអំពើចេតនារបស់អ្នកត្រូវបានធានារ៉ាប់រង ។
-     ធ្វើសំណងត្រឹមត្រូវតាមពេលវេលាកំណត់ តាមទំហំនៃការខូចខាតជាក់សែ្តង និង តាមទឹកប្រាក់ធានារ៉ាប់រង[14]
       ២. សមត្ថភាព
ក្នុងការសំដែងឆន្ទៈ ឬ ចុះកិច្ចសន្យា តាមគោលការណ៍ច្បាប់បុគ្គលដែលជាភាគីត្រូវ មានសមត្ថភាព គ្រប់គ្រាន់ វាលើកលែងតែក្នុងករណីច្បាប់អនុញ្ញាត្ត ។
          ២.១. កិច្ចសន្យាទូទៅ
            ២.១.១. រូបវ័ន្តបុគ្គល
         នៅពេលចុះកិច្ចសន្យា បុគ្គលនោះត្រូវតែជាជនមានសមត្ថភាពខាងអំពើពេញលេញ
ទើបអាចបង្កើតបានសំរាប់ខ្លួននូវសិទ្ធិ និងកាតព្វកិច្ចរដ្ឋប្បវេណី ដោយសារអំពើរបស់ខ្លួន ហើយមានការទទួលខុសត្រូវទាំងស្រុងក្នុងប្រតិបត្តិការសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ។ ដូច នេះជនដែលគ្មានសមត្ថភាពខាងអំពើពេញលេញ ចូលរួមក្នុងការចុះកិច្ចសន្យានឹងចាត់ទុក ផ្ទុយគតិច្បាប់ ហើយកិច្ចសន្យានោះចាត់ទុកជាមោឃៈដាច់ខាត ។ ករណីជនមានសមត្ថ ភាពខាងអំពើមិនពេញលេញ ហើយមានកាយសម្បទាគ្រប់គ្រាន់បើចង់ចូលរួមក្នុងកិច្ចសន្យា ហើយដែលអាចប្រតិបត្តិបានលុះត្រាតែមានការយល់ព្រមពីអា ណាព្យាបាលទើបបាន ។
២.១.២. នីតិបុគ្គល
ការចូលរួមរបស់នីតិបុគ្គលក្នុងការបង្កើតកិច្ចសន្យា ត្រូវធ្វើដោយតំណាងស្របច្បាប់ ឬ តំណាងផេ្ទរសិទ្ធិត្រឹមត្រូវ តែនីតិបុគ្គលនេះឯង ត្រូវគ្រប់លក្ខណៈសម្បត្តិជានីតិបុគ្គល ។
          ២.២. កិច្ចសន្យាធានារ៉ាប់រង
ជាគោលការណ៍ភាគីនៃកិច្ចសន្យាត្រូវតែមានកំលាំងស្នើគ្នា ក្នុងការសម្តែងឆន្ទៈព្រម ព្រៀម ប៉ុនែ្តកិច្ចសន្យាធានារ៉ាប់រងមិនដូច្នោះទេ ភាគីអ្នកត្រូវធានាមានកំលាំងខ្សោយជាង ភាគីអ្នកធានា ។ មានន័យថា បុគ្គលត្រូវធានា មានលទ្ធភាពត្រឹមតែភ្ជាប់ខ្លួន ក្នុងកិច្ចសន្យា ធានារ៉ាប់រងប៉ុណ្ណោះ  

បុគ្គលដែលបានប្រើក្នុងន័យនេះគឺសំដៅទៅលើរូបវ័ន្តបុគ្គល ឬ នីតិបុគ្គល ។

               ២.២.១. រូបវ័ន្តបុគ្គល
សមត្ថភាពរបស់រូបវ័ន្តបុគ្គល នៅក្នុងការចងភ្ជាប់ខ្លួនលើកិច្ចសន្យាធានារ៉ាប់រងដូចគ្នា នឹងកិច្ចសន្យាទូទៅដែរ ។ បុគ្គលម្នាក់ៗអាចស្នើសុំការធានារ៉ាប់រងលើអាយុជីវិតរបស់ខ្លួន ឬ តតីយជនបាន ក្នុងករណីនេះត្រូវមានការយល់ព្រមពីរតតីយជននោះ ។ ឳពុក-ម្តាយ អាចទិញ ធានារ៉ាប់រងជីវិតសម្រាប់កូនជាអនីតិជននៅក្នុង បន្ទុកបាន[15]
ការធានារ៉ាប់រងត្រូវបានហាមឃាត់ ចំពោះជនដែលមានលក្ខណៈមិនពេញលេញខាង សតិ និងជនដែលកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យវិកលចរិត[16]
               ២.២.២. នីតិបុគ្គល
នៅក្នុងវិស័យពាណិជ្ជកម្ម នីតិបុគ្គលដែលច្បាប់ទទួលស្គាល់ អាចទិញធានារ៉ាប់រង លើអាជីវកម្ម ឬ អាចទិញធានារ៉ាន់រងជួសបុគ្គលបាន(ថៅកែ និងកម្មករ...)


       ៣. កម្មវត្ថុ
កិច្ចសន្យាចាំបាច់ត្រូវតែគោរពទៅតាមបញ្ញត្តិនៃច្បាប់ ដែលទំរងនៃកិច្ចសន្យាអាច ធ្វើជាលាយល័ក្ខអក្សរ ឬ ដោយផ្ទាល់មាត់ ។
          ៣.១. កិច្ចសន្យាទូទៅ
កិច្ចសន្យានឹងមានសុពលភាព នៅពេលដែលកាតព្វកិច្ចដែលកើតពីកិច្ចសន្យានោះ វត្ថុមួយជាក់លាក់ អាចធ្វើកើត និងដែលស្របច្បាប់ របៀបរៀបរយសាធារណៈ ឬ ទំនៀមទំ លាប់ដ៏ល្អប្រពៃ ។
            ៣.១.១. កម្មវត្ថុនៃកិច្ចសន្យា
នៅកម្មវត្ថុនៃកិច្ចសន្យា សំដៅទៅលើសកម្មភាពគតិយុត្ត ដែលភាគីទាំងឡាយចង់ ធ្វើ ដូចជាកិច្ចសន្យាលក់... ។ ប៉ុនែ្តច្បាប់ហាមឃាត់ចំពោះកិច្ចសន្យាណាដែលមានកម្មវត្ថុ ដែលមិនស្របច្បាប់ ឬ ធ្វើឱ្យប៉ៈពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទំលាប់ល្អ ប្រពៃរបស់សង្គម  ។
កម្មវត្ថុនៃកិច្ចសន្យា ត្រូវតែបានកំណត់នៅខណៈពេលចុះកិច្ចសន្យា បើពុំដូច្នេះទេ ត្រូវចាត់ទុកថាមានកម្មវត្ថុមិនច្បាស់លាស់ ហើយកិច្ចសន្យានោះត្រូវទុកជាមោឃៈ ។ កម្មវត្ថុ
ត្រូវកំណត់អំពីគុណភាព បរិមាណ និងតម្លៃនៃកម្មវត្ថុ ។
            ៣.១.២. កម្មវត្ថុនៃកាតព្វកិច្ច
កម្មវត្ថុនៃកាតព្វកិច្ចសំដៅលើតាវកាលិក ឬ របស់អ្វីមួយដែលគូភាគីត្រូវតែផ្តល់ឱ្យ ភាគីនៃសន្យារបស់ខ្លួន ។ វត្ថុដែលបានបាត់បង់ទៅហើយមិនអាចក្លាយជាកម្មវត្ថុនៃកាតព្វ កិច្ចបានឡើយ ឬ ជាវត្ថុដែលជាមរតកដែលគេនឹងទទួលបាននៅពេលអនាគត ។
            ៣.២. កិច្ចសន្យាធានារ៉ាប់រង
ដូចគ្នានឹងកិច្ចសន្យាទូទៅដែរ កិច្ចសន្យាធានារ៉ាបរងមានសុពលភាព លុះត្រាតែហា និភ័យកើតចេញពីរកម្មវត្ថុនៃការធានាពិតប្រាកដ និងត្រូវសរសេរជាលាយល័ក្ខអក្សរ។
               ៣.២.១. កម្មវត្ថុនៃកិច្ចសន្យា
កម្មវត្ថុនៃកិច្ចសន្យធានារ៉ាប់រង គឺទ្រព្យសម្បត្តិ ឬ ផលប្រយោជន៍អ្វីមួយដែលពាក់ ព័ន្ឋនឹងទ្រព្យសម្បត្តិ អាយុជីវិត ឬ រូបរាងកាយរបស់ជនណាមួយ[17]
               ៣.២.២. កម្មវត្ថុនៃកាតព្វកិច្ច
កម្មវត្ថុនៃកាតព្វកិច្ច ជាការសងសំណងខូចខាតបណ្តាលឱ្យមានហានិភ័យទៅលើ ទ្រព្យសម្បត្តិ ឬ ផលប្រយោជន៍អ្វីមួយ ដែលពាក់ព័ន្ឋទ្រព្យសម្បត្តិ អាយុជីវិត ឬ រូបរាងកាយ របស់ជនណាមួយ នោះឯង[18]
កិច្ចសន្យាទូទៅ និងកិច្ចសន្យាធានារ៉ាប់រង មានកម្មវត្ថុច្បាស់លាស់ដូចគ្នា ។ សូម បញ្ជាក់ថា កម្មវត្ថុនៃកិច្ចសន្យាគឺជាកាតព្វកិច្ច ឯកម្មវត្ថុនៃកាតព្វកិច្ចគឺតាវកាលិក ។
       ៤. តំលៃតបស្នង
តំលៃតបស្នងជាកត្តាមួយទៀត ដែលនាំឱ្យកិច្ចសន្យាមានសុពលភាព តាមរយៈការ ព្រមព្រៀងគ្នាក្នុងការដោះដូររវាងតម្លៃណាមួយទៅនឹងការសន្យា ឬ អាចនិយាយបានថា ជា ការព្រមព្រៀងគ្នាថ្នូរនឹងការសន្យា ឬ ការបំពេញកាតព្វកិច្ចពីភាគីម្ខាងទៀត ។
          ៤.១. តំលៃតបស្នងក្នុងកិច្ចសន្យាទូទៅ
          យើងខ្ញុំសូមលើកយកតំលៃតបស្នងនៅក្នុងកិច្ចសន្យាលក់ទិញ ។ ការលក់ជាកិច្ចសន្យា មួយដែលបុគ្គលម្នាក់មានកាតព្វកិច្ចផ្ទេរកម្មសិទ្ធិនៃវត្ថុមួយដែលជាកម្មសិទ្ធិស្របច្បាប់របស់
ខ្លួនឱ្យទៅបុគ្គលម្នាក់ទៀតដែលមានកាតព្វកិច្ចប្រគល់ប្រាក់ថៃ្លវត្ថុ ឬ សិទ្ធិលើកម្មសិទ្ធិមកវិញ[19]

          ឧទាហរណ៍ ៖ កិច្ចសន្យាលក់ទិញ ឡាន ដែលបានព្រមព្រៀងគ្នាក្នុងតំលៃ ៥,០០០ ដុល្លា ។ ភាគីម្ចាស់ឡានមានកាតព្វកិច្ចផ្ទេរសិទ្ធិកាន់កាប់ ឡាន ទៅឱ្យអ្នកទិញ ឯអ្នកទិញ តំរូវឱ្យបង់តំលៃ ៥,០០០ ដុល្លាដល់អ្នកលក់វិញ ។ ទឹកប្រាក់ ៥,០០០ ដុល្លានេះហើយជា តំលៃតបស្នងនៃកិច្ចសន្យាលក់ទិញ  ។
          ៤.២. តំលៃតបស្នងក្នុងកិច្ចសន្យាធានារ៉ាប់រង
          តំលៃតបស្នងនៃកិច្ចសន្យាធានារ៉ាប់រងមានភាពខុសគ្នាត្រង់ថាកិច្ចសន្យាទូទៅផ្តល់
តំលៃតបស្នងភ្លាមៗ ឯតំលៃតបស្នងក្នុងកិច្ចសន្យាធានារ៉ាប់រង បុគ្គលដែលទិញធានារ៉ាប់ លុះត្រាតែមានហានិភ័យបណ្តាលឱ្យខូចខាតលើវត្ថុធានានោះ ទើបទទួលបាននូវតំលៃតប ស្នង គឺសំណងលើការខូចខាតនៃវត្ថុធានានោះ ។ បានន័យថា អ្នកទិញធានារ៉ាប់រងបង់បុព្វ លាភជាមុនដល់ក្រុមហ៊ុនធានារ៉ាប់រង ហើយតំលៃតបស្នងដែលបុគ្គលនោះទទួលបាន  នៅ ពេលក្រោយ[20]
          ឧទាហរណ៍ ៖ បុគ្គលម្នាក់បានទិញធានារ៉ាប់រងហានិភ័យលើរថយន្ត ជាមួយក្រុម ហ៊ុនធានារ៉ាប់រង ។ បុគ្គលនោះមានកាតព្វកិច្ចបង់បុព្វលាភធានារ៉ាប់រងដល់ក្រុមហ៊ុនធានា រ៉ាប់រង ហើយគាត់នឹងទទួលបាននូវតំលៃតបស្នង នៅពេលមានហានិភ័យលើរថយន្តរបស់ គាត់ ។ 
          សរុបមកលក្ខខណ្ឌគតិយុត្តនៃការបង្កើតកិច្ច សន្យាទាំងពីរមានភាពខុសគ្នាខ្លះត្រង់ ថា កិច្ចសន្យាធានារ៉ាប់រង តំលៃតបស្នងមិនទទួលបានភ្លាមៗដូចកិច្ចសន្យាទូទៅដែលអនុ វត្តកាតព្វកិច្ចព្រមគ្នានោះទេ ។ មានន័យថានៅពេលដែលមានហានិភ័យទើបទទួលបាននូវ តំលៃតបស្នងពីរភាគីអ្នកធានា ។
     កថាខ័ណ្ឌទី ២. ប្រភេទនៃកិច្ចសន្យាទូទៅ និងកិច្ចសន្យាធានារ៉ាប់រង
       ១. កិច្ចសន្យាទូទៅ
កិច្ចសន្យាដែលមួយអាចកើតឡើងដោយការព្រមព្រៀងដោយភាគី ឬ ច្រើនដើម្បី ធ្វើអ្វីមួយ ប៉ុនែ្តក៏អាចកើតឡើងដោយសកម្មភាពឯកតោភាគីបានដែរ ។
          ១.១. កិច្ចសន្យាទេ្វភាគី ឬ កិច្ចសន្យាឧភតោភាគី
ជាកិច្ចសន្យាកើតចេញពីរការព្រមព្រៀងរវាងភាគីទាំងសងខាងព្រមព្រៀង ដោយ សន្យាថានឹងបំពេញកិច្ចការណាមួយ ឬ អាចនិយាយបានថា កិច្ចសន្យាដែលធ្វើដោយភាគី ពីរ ឬ ច្រើនដែលបង្កើតឱ្យមានសិទ្ធិ និងកាតព្វកិច្ច ។
ឧទាហរណ៍ ៖ កិច្ចសន្យាមួយចំនួនដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ដូចជា កិច្ចសន្យាលក់ទិញ ការដូ កិច្ចសន្យាប្រវាស់ . . . ។ល។
           
          ១.២. កិច្ចសន្យាឯកតោភាគី
ជាកិច្ចសន្យាកើតចេញពីរការព្រមព្រៀងពីភាគីតែម្ខាង សន្យាថាបំពេញកាតព្វកិច្ចអ្វី មួយដោយខានមិនបាន ព្រមទាំងមិនប្រព្រឹត្តអំពើណាមួយជាថ្នូរនឹងកិច្ចសន្យានេះនៅពេល ណាបំពេញ ឬ អនុវត្តតាមល័ក្ខខ័ណ្ឌនៃការសន្យារបស់ខ្លួន ឬ អាចនិយាយដោយខ្លីថាជា កិច្ចសន្យាដែលមានកាតព្វកិច្ចទៅលើភាគីតែម្ខាងប៉ុណ្ណោះ ។

ឧទាហរណ៍ ៖ ប្រទានកម្ម សំដៅទៅលើកិច្ចសន្យាមួយដែលមានអនុភាពដោយភាគី ម្ខាង បង្ហាញឆន្ទៈផ្តល់ទៅឱ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិ ដោយមិនទារថៃ្ល ហើយភាគី ម្ខាងទៀតយល់ព្រមទទួល[21] សន្តតិកម្មជាដើម ។
         ២. ប្រភេទកិច្ចសន្យាធានារ៉ាប់រង
                   
          វិស័យធានារ៉ាប់រង ដែលធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជាមានប្រភេទនៃការ ធានារ៉ាប់ពីរគឺ ការធានារ៉ាប់រងលើអាយុជីវិត និងការធានារ៉ាប់រងទូទៅ[22]
     ២.១. ការធានារ៉ាប់រងបុគ្គល
ការធានារ៉ាប់រងបុគ្គលរួមមានការធានារ៉ាប់រងជីវិត និងការធានារ៉ាប់រងលើគ្រោះថ្នាក់ ទាំងឡាយដល់រូបរាងកាយ[23]
ការធានារ៉ាប់រងមរណៈភាពត្រូវចាត់ទុកថាគ្មានប្រសិទ្ធភាព ប្រសិនបើអ្នកធានារ៉ាប់រង ៖
-       ធ្វើអត្តឃាដ
-       សមគំនិតក្នុងការសំលាប់ជីវិតអ្នកត្រូវធានា
-       ជនវិកលចរឹត ឬ វិបល្លាសស្មារតី
ជាគោលការណ៍នៃការធានារ៉ាប់រងបុគ្គល ធ្វើសំណងនៅពេលបុគ្គលធានានោះស្លាប់ ប៉ុនែ្តមានល័ក្ខខ័ណ្ឌខ្លះនៃការធានា មិនចាំបាច់ស្លាប់បានសងនោះទេ នៅរស់ក៏សងដែរ  សំខាន់លើព្រមព្រៀងនៃភាគីប៉ុណ្ណោះ ។ ការធានារ៉ាប់រងប្រភេទនេះមានបីប្រភេទដូចខាង ក្រោម ៖


            ២.១.១. ការធានារ៉ាប់រងមួយជីវិត
ការធានារ៉ាប់រងជីវិត គឺជាកិច្ចសន្យាមួយដើម្បីធ្វើសំណងដ៏ជាក់លាក់ ទៅលើមរណៈ ភាពរបស់មនុស្សម្នាក់ដែលជីវិតរបស់គេត្រូវបានធានា។ មានន័យថាកម្មវត្ថុនៃការធានាគឺជា ជីវិត ។ គោលបំណងនៃការធានារ៉ាប់រងជីវិត គឺដើម្បីផ្តល់នូវចំនួនទឹកប្រាក់សងទៅលើ មរណៈភាពរបស់ជននោះ ។ ការទទួលសំណងទឹកប្រាក់ គឺអាស្រ័យទៅតាមកិច្ចសន្យា ដែលព្រមព្រៀងជាមួយគ្នា ខុសពីការធានារ៉ាប់រងទូទៅ គឺសំណងធ្វើតាមហេតុការណ៍ជាក់ សែ្តង ។

ឧទាហរណ៍ ៖ លោក B ទិញធានារ៉ាងជីវិតឱ្យប្រពន្ឋគាត់ C ប្រសិនបើ C ស្លាប់ទើប ទទួលបានសំណងពីក្រុមហ៊ុន ។ បានន័យថាចាប់ពីថៃ្ងទិញរហូតដល់ស្លាប់ទើបទទួលបាន សំណង ។
          គោលការណ៍បង្កើតកិច្ចសន្យាធានារ៉ាប់រងជីវិតដើម្បីដោះស្រាយបញ្ហាបន្ទុកដល់អ្នកនៅរស់ ។ សម្រាប់ប្រទេសកម្ពុជាសព្វថៃ្ងមិនទាន់មានការធានារ៉ាប់ជីវិតនោះទេ ច្បាប់ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០ គ្រប់គ្រងតែលើកិច្ចសន្យាទូទៅប៉ុណ្ណោះ ។
            ២.១.២. ការធានារ៉ាប់រងជីវិតមានរយៈពេលកំណត់
ការធានារ៉ាប់រងជីវិត មានតមៃ្លថោកជាងការធានារ៉ាប់រងមួយជីវិត អ្នកទិញអាចកំណត់ ពេលវេលាជាក់លាក់តែម្តង ។
ឧទាហរណ៍ ៖ បុគ្គលម្នាក់មានអាយុ ២០ ឆ្នាំ គាត់បានទិញធានារ៉ាបរងជីវិតរយៈ ពេល ២ឆ្នាំ ល័ក្ខខ័ណ្ឌត្រឹមតែ ២ឆ្នាំ បើស្លាប់ក្នុងរយៈពេលនេះក្រុមហ៊ុនសងតែបើលើស គឺ មិនសងព្រោះផុតរយៈពេលនៃការធានា (២ឆ្នាំធៀបនឹងថៃ្ងទិញ) ។
            ២.១.៣. ធានារ៉ាប់រងជីវិតមានលក្ខណៈជាមូលនិធិទាយជ្ជទាន
            ជាប្រភេទធានារ៉ាប់រងជីវិតមានរយៈពេលកំណត់ ដែលមានផលប្រយោជន៍ច្រើន ដល់អ្នកទិញធានារ៉ាប់រងប្រភេទនេះ ។ មានន័យថាពេលទិញធានារ៉ាប់រងមានរយៈកំណត់ បើអ្នកទិញស្លាប់ក៏សង មិនស្លាប់ក៏សង(ហួសកាលបំណត់នៃការធានារ៉ាប់រង)
        ២.២. ការធានារ៉ាប់រងទូទៅ
        កិច្ចសន្យាធានារ៉ាប់ទូទៅ មានកម្មវត្ថុនៃការធានារ៉ាប់រងគឺជាទ្រព្យសម្បត្តិ  ដែលមិន
មែនជាការធានារ៉ាប់រងជីវិត ។
            ២.២.១. ការធានារ៉ាប់រងបុគ្គល
បុគ្គលម្នាក់ៗអាចត្រូវការឱ្យមានការធានារ៉ាប់រងអគ្គីភ័យ ចោរកម្ម សំរាប់ផ្ទះរបស់ខ្លួន ឬ ត្រូវការឱ្យមានការធានារ៉ាប់រងលើរាល់ហានិភ័យ ការធានារ៉ាប់រងលើការទទួលខុសត្រូវ ផែ្នករដ្ឋប្បវេណី និងការធានារ៉ាប់រងលើយានយន្តជាដើម ។
            ២.២.២. ការធានារ៉ាប់រងលើក្រុមហ៊ុន
        ការធ្វើពាណិជ្ជកម្មក្រុមហ៊ុនអាចប្រឈមទៅនឹងហានិភ័យជាច្រើន នៅក្នុងប្រតិបត្តិ ការរបស់ខ្លួន ឬ ប្រភេទហានិភ័យផ្សេងៗទៀតក្នុងដំណើរការនៃពាណិជ្ជកិច្ចនោះ ។
            ២.២.៣. ការទូទាត់សំណង
        ដើម្បីទទួលបាននូវសំណងលើការធានា ដោយក្រុមហ៊ុនធានារ៉ាប់រងទៅឱ្យអ្នកត្រូវ បានធានានោះមិនអាចលើសពីតំលៃនៃវត្ថុបានធ្វើប្រតិវេទន៍ នៅពេលចុះកិច្ចសន្យាធានា ឡើយ លើកលែងតែមានការព្រមព្រៀងគ្នាដោយឡែក[24]
ករណីមានការបាត់បង់ទាំងស្រុងនូវវត្ថុដែលត្រូវបានធានារ៉ាប់រង បណ្តាលមកពីហេតុ ការណ៍ណាមួយ ដែលពុំបានគ្រោងទុកជាមុនក្នុងប័ណ្ណសន្យារ៉ាប់រងទេ ការធានារ៉ាប់រងត្រូវ បានបញ្ចប់ដោយស្របច្បាប់ ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវសងទៅអ្នកត្រូវបានធានារ៉ាប់ រងវិញចំនូន ៩០ ភាគរយនៃបុព្វលាភរ៉ាប់រងចំពោះរយៈពេលដែលនៅសល់ [25]

           
សំណងលើការខូចខាតនៅក្នុងកិច្ចសន្យាធានារ៉ាប់រង អ្នកទិញធានារ៉ាប់រងតម្រូវឱ្យ មានទំនាក់ទំនងជាមួយកម្មវត្ថុដែលត្រូវធានា និងមួយទៀតអ្នកទិញត្រូវតែទទួលរងនូវហានិ ភ័យដែលបណ្តាលឱ្យ ខូចខាតពិតប្រាកដក្រៅពីឆន្ទះរបស់ខ្លួន  ។
ឧទាហរណ៍សំ មានចំការទំពាំងបាយជូមួយកនែ្លង គាត់បានទិញធានារ៉ាប់រងអគ្គី ភ័យលើចំការនោះពីក្រុមហ៊ុនធានារ៉ាប់រងមួយ ។ ក្រោយ សំ បានលក់ចំការនោះទៅឱ្យ ក្រុមហ៊ុនផលិតទឹកទំពាំងបាយជូរបស់ សុខសំ ក៏មានភាគហ៊ុនមួយផែ្នកនៃក្រុមហ៊ុន សុខ ដែរ ។ ក្រោយលក់ចំការ សំ នៅតែបន្តបង់ បុព្វលាភធានារ៉ាប់រងអគ្គីភ័យលើចំការនោះ ដដែល ។ ចៃដន្យអាក្រក់ក៏មានអគ្គីភ័យកើត ឡើងលើចំការនោះធ្វើឱ្យខូចខាតទាំងស្រុង ។ សំ បានប្តឹងទាមទារសំណងទៅក្រុមហ៊ុនធានារ៉ាប់រង ដោយសំអាងថាគាត់បានបង់បុព្វលាភ ជាប្រចាំ ឯក្រុមហ៊ុន សុខ វិញ ក៏បានប្តឹងទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រងដែរ ដោយសំ អាងថាជាចំការរបស់ក្រុមហ៊ុន ។
          ករណីនេះ សំ ជាភាគីនៃកិច្ចសន្យា ក្រោយពីបានលក់ចំការហើយនៅតែបង់បុព្វ លាភដដែល អានុភាពនៃកិច្ចសន្យានៅតែមាន ប៉ុនែ្តគាត់ត្រូវបាត់ផលប្រយោជន៍ពីការធានា រ៉ាប់រង ។ ផលប្រយោជន៍របស់ សុខ នៅពេលទិញ តែនៅពេលដែលមានហានិភ័យកើត ឡើងគឺក្រុមហ៊ុន សុខ ជាអ្នកបាត់បង់ទ្រព្យសម្បត្តិ ។ ដូចនេះ សំ ឥតមានផលប្រយោជន៍ ពីការធានារ៉ាប់រងនោះទេ។ ការបន្តបង់បុព្វលាភជាកំហុសរបស់គាត់ក្នុងការមិនផ្តល់ដំណឹង ដល់ក្រុមហ៊ុនធានារ៉ាប់រង ហេតុនេះក្រុមហ៊ុនមិនសងគាត់ ។ ឯក្រុមហ៊ុន សុខ ក៏មិនទទួល បានសំណងការខូចខាតដែរ ដោយសារមិនមានអានុភាពនៃកិច្ចសន្យាជាក្រុមហ៊ុនធានា រ៉ាប់រង ។

ជារួមកិច្ចសន្យាធានារ៉ាប់រងកើតឡើង លុះត្រាតែអ្នកធានាតម្រូវឱ្យមានផលប្រយោជន៍
ពីរការធានារ៉ាប់រង ដែលស្ថិតនៅក្នុងកម្មវត្ថុត្រូវបានធានារ៉ាប់រង[26]
           អ្នកទិញធានារ៉ាប់រងមិនសែ្វងរកប្រាក់ចំណេញពីធានារ៉ាប់រងនោះឡើយ ទទួលសំណង ខូចខាតត្រឹមទំហំនៃការខូចខាតជាក់សែ្តង និងចំនួនទឹកប្រាក់ធានារ៉ាប់រង[27] ។ ករណីដែល អ្នកទិញធានារ៉ាប់រងមានចេតនាបង្កើតឡើងនូវគ្រោះថ្នាក់ដោយអំពើកែងបន្លំ ឬ ការប្រឌិត
នោះ ក្រុមហ៊ុនធានារ៉ាប់រងមានសិទ្ធប្តឹងតុលាការបដិសេធការទទួលខុសត្រូវ[28]

សរុបសេចក្តីមក ការអនុវត្តន៏គោលការណ៍ទូទៅនៃកិច្ចសន្យា គឺស្ថិតនៅក្រោមបទ ប្បញ្ញត្តិគោលមួយមិនថាកិច្ចសន្យាធានារ៉ាប់រង ឬ កិច្ចសន្យាទូទៅនោះទេ។ ការសំដែងឆន្ទៈ ព្រមព្រៀងរវាងភាគីក្នុងកិច្ចសន្យា ត្រូវស្របទៅនិងរបៀបរបប និងទំនៀមទំលាប់ល្អប្រពៃ របស់សង្គម ។ ថ្វិត្បិតតែកើតចេញពីឆន្ទះរបស់រដ្ឋដូចតែមួយពិតមែន ក៏មានចំនុចមួយ ចំនួននៃកិច្ចសន្យាទាំងពីរនេះមានភាពខុសគ្នាដែរជាពិសេសក្នុងការអនុវត្តន៏សិទ្ធិនិងកាតព្វ
កិច្ចរបស់ភាគី ។
ភាគីមានសិទ្ធិក្នុងការសំដែងឆន្ទៈរបស់ខ្លួនមុនឈានដល់ការព្រមព្រៀង បង្កើតកិច្ច សន្យា ឯការបំពេញកាតព្វកិច្ចវិញ គឺអនុវត្តក្នុងពេលជាមួយគ្នា ភាគីម្ខាងប្រគល់វត្ថុភាគីម្ខាង ទៀតផ្តល់នូវតមៃ្លតបស្នងលើវត្ថុដល់ម្ចាស់វត្ថុនោះ ។
ដោយឡែកចំពោះកិច្ចសន្យាធានារ៉ាប់រង ជាប្រភេទកិច្ចសន្យាសជ្ជកម្ម សិទ្ធិរបស់ ភាគីអ្នកត្រូវធានាមានលទ្ធភាពត្រឹមតែភ្ជាប់ ឬ មិនភ្ជាប់ខ្លួនចូលក្នុងកិច្ចសន្យាធានារ៉ាប់រង ប៉ុណ្ណោះ ឯការអនុវត្តន៍កាតព្វកិច្ចវិញភាគីអ្នកត្រូវធានាអនុវត្តមុន ភាគីអ្នកធានាអនុវត្ត កាតព្វកិច្ចរបស់ខ្លួន លុះត្រាតែមានហានិភ័យកើតឡើងដែលបណ្តាលមានការខូចខាតលើ កម្មវត្ថុនៃការធានានោះ ។
























































































VB








សេចក្តីសន្និដ្ឋាន

ឆ្លងកាត់តាមការស្រាវជ្រាវលើប្រធានបទ ស្តីពី ប្រៀបធៀបកិច្ចសន្យាធានារ៉ាប់រង និងកិច្ចសន្យាទូទៅ កន្លងមកបានធ្វើឱ្យយើងខ្ញុំ បានយល់កាន់តែច្បាស់បនែ្ថមទៀតលើការ ភ្ជាប់ខ្លួនចូលទៅក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី ។
ច្បាប់មានការប្រែប្រួលអាស្រ័យទៅលើរបតនៃនយោបាយដឹកនាំប្រទេស កាលណា សេដ្ឋកិច្ចកាន់តែរីកចំរើនវាទាមទារឱ្យមានប្រព័ន្ឋច្បាប់កាន់តែរឹងមាំ ។
ច្បាប់ធានារ៉ាប់រងបានចូលជាធរមាន នៅថៃ្ងទី២៥ ខែកក្កដា ឆ្នាំ២០០០ វត្តមាននៃ ច្បាប់នេះ គឺដោយសារតែការប្រែប្រួលនៃរបត់សង្គមនេះឯង ដែលមានគោលដៅក្នុងការ គ្រប់គ្រងប្រតិបត្តិការធានារ៉ាប់ ការពារសិទ្ធិត្រឹមត្រូវរបស់ភាគី ពង្រឹងការត្រួតពិនិត្យ និង គ្រប់គ្រងអាជីវកម្មធានារ៉ាប់រង ដើម្បីរួមចំណែកវិស័យធានារ៉ាប់រង ក៏ដូចជាសង្គមជាតិទាំង មូលផងដែរ ។ ការធានារ៉ាប់រងជាកិច្ចសន្យាមួយមានសារៈប្រយោជន៍ណាស់ សម្រាប់ បុគ្គលទទួលបានសំណងខូចខាត និងបាត់បង់ទ្រព្យសម្បត្តិដែលបណ្តាលមកពីហានិភ័យ ឬ ត្រូវធ្វើសំណងនៅពេលស្លាប់ របួស ពិការ មានជំងឺ ។
មិនខុសពីកិច្ចសន្យាធានារ៉ាប់រងនោះទេ កិច្ចសន្យាទូទៅកើតឡើងស្របទៅតាមបទ ប្បញ្ញត្តិនៃច្បាប់ដោយឡែកមួយផ្សេងពីកិច្ចសន្យាធានារ៉ាប់រង ប៉ុនែ្តជាឆន្ទៈដែលស្ថិតក្រោម របបគ្រប់គ្រងនៃរដ្ឋតែមួយ ហេតុនេះមិនមានអ្វីចាក់ឆ្ងាយពីគ្នានោះទេ កិច្ចសន្យាទាំងពីរនេះ ធ្វើឡើងស្របទៅតាមគោលការណ៍រួមមួយ ។
          ការបង្កើតកិច្ចសន្យាមួយជាគោលការណ៏ត្រូវគោរពទៅតាមឆន្ទៈដែលរដ្ឋបានរៀបចំតែការអនុវត្តបច្ចុប្បន្នមិនដូច្នេះទេ ការអនុវត្តន៏មានភាពមិនស្នើគ្នា ពេលខ្លះភាគីម្ខាងបាន ទាញយកផលចំណេញពីភាគីម្ខាងទៀត និងការមិនគោរពទៅតាមខ្លឹមសារនៃកិច្ចសន្យា ដែលបានព្រមព្រៀងជាមួយគ្នា ។ បញ្ហាទាំងនេះនាំឱ្យទទួលផលអវិជ្ជមានក្នុងការអនុវត្តន៏ កិច្ចសន្យា ដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកំរិតនៅឡើយ គួបផ្សំនឹង ការផ្សព្វផ្សាយមិនបានទូលំទូលាយផង ធ្វើឱ្យការអនុវត្តន៏មិនទទួលបានដូចការរំពឹងទុក ។
          សរុបសេចក្តីមកដើម្បីបំពេញនូវចំនុចខ្វះខាតក្រសួង-ស្ថាប័នមានសមត្ថកិច្ច ឬ អ្នក
ពាក់ព័ន្ឋទាំងឡាយ គួរធ្វើការផ្សព្វផ្សាយច្បាប់ឱ្យកាន់តែទូលំទូលាយថែមទៀត ដល់គ្រប់ ពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនថានៅទីប្រជុំជន ឬ មូលដ្ឋានដាច់ស្រយាលនោះ ទេ ។















































-,


[1] មាត្រា ៣១១ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧
[2] មាត្រា ៩ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[3] មាត្រា ៣៣៦ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧
[4] មាត្រា ៣៣៦ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧
[5] មាត្រា ៣៣៧ ចំនុច ១ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧
[6] មាត្រា ៣៤៤ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧
[7] មាត្រា ៣៣៧ ចំនុចទី ៣ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧
[8] មាត្រា ១០ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[9] មាត្រា ១០ អនុក្រឹត្យ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០១
[10] មាត្រា ៨ វាក្យខ័ណ្ឌទី ១ នៃអនុក្រឹត្យ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០១
[11] មាត្រា ១២ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[12] មាត្រា ១៣ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[13] មាត្រា ៦ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[14] មាត្រា ៧ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[15] មាត្រា ២៦ អនុក្រឹត្យ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០១
[16] មាត្រា ៣១ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[17] មាត្រា ១៦ វាក្យខ័ណ្ឌទី ៣ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[18] មាត្រា ១៦ វាក្យខ័ណ្ឌទី ២ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[19] មាត្រា ៥១៥ ក្របរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧
[20] មាត្រា ២៦ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[21] មាត្រា ៥៦៨ ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧
[22] មាត្រា ៤៦ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[23] មាត្រា ២៩ វាក្យខ័ណ្ឌទី ២ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[24] មាត្រា ២៦ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[25] មាត្រា ២៧ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[26] មាត្រា ១៦ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០
[27] មាត្រា ៧ ចំនុចទី ២ អនុក្រឹត្យ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០១
[28] មាត្រា ២១ ច្បាប់ ស្តីពី ការធានារ៉ាប់រង ឆ្នាំ ២០០០



No comments:

Post a Comment